គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្តល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវការកាល ទំនាក់ទំនងផ្តល់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន Email: sangkhebnews@gmail.com ទូរស័ព្ទទំនាក់ទំនង 0312011444-0764444853

ព័ត៌មានថ្មីៗ

Post Image

សហភាពអឺរ៉ុបអំពាវនាវឱ្យកម្ពុជា-ថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព




 

នៅថ្ងៃនេះ លោកស្រី Anitta Hipper អ្នកនាំពាក្យសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានចេញសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយ ដោយអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ បន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងលើកកម្ពស់សន្តិភាពក្នុងតំបន់។លោកស្រី Hipper បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពណាមួយដែលអាចបង្កើនភាពតានតឹង។ «សហភាពអឺរ៉ុបអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងថៃ ដើម្បីធានាថាកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ យើងជឿជាក់ថា ការគោរពច្បាប់អន្តរជាតិ និងការជៀសវាងសកម្មភាពបង្កហេតុ គឺជាគន្លឹះដើម្បីរក្សាស្ថិរភាពក្នុងតំបន់» នេះជាប្រសាសន៍របស់លោកស្រី។សេចក្តីថ្លែងការណ៍នេះក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុបចំពោះប្រទេសម៉ាឡេស៊ី ដែលកំពុងដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ ២០២៥ (
@MYasean2025
)។ លោកស្រី Hipper បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ «យើងមានជំនឿលើតួនាទីដ៏សំខាន់របស់អាស៊ាន ជាពិសេសក្រោមការដឹកនាំរបស់ម៉ាឡេស៊ី ក្នុងការជំរុញឱ្យមានកិច្ចសន្ទនា និងសហប្រតិបត្តិការដើម្បីសន្តិភាព»។

បានផ្សាយនៅ: 9/06/2025
Post Image

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកជំទាវ Bridgette L. Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម

 

 

 
នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Bridgette L. Walker
ភារធារីស្តីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបលោកជំទាវ និងសហការីសាជាថ្មីនាពេលនេះ ហើយសម្ដេចត្រៀមជជែកជាមួយលោកជំទាវទាក់ទងនឹងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសស្ថានភាពចុងក្រោយស្ដីពីបញ្ហាព្រំដែន កម្ពុជា-ថៃ ដែលសហរដ្ឋអាមេរិកបានដើរតួនាទីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន។
លោកជំទាវ Bridgette L. Walker បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវនិងសហការីបានជួបសម្ដែងការគួរសម នឹងបានពិភាក្សាការងារនាថ្ងៃនេះ ជាពិសេសបានរំលេចអំពីទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក។ លោកជំទាវ បានលើកឡើងថា បច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពល្អប្រសើរ ហើយពេលនេះស្ថានទូតអាមេរិកកំពុងតែប្រារព្ធការអបអរសាទរខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ លោកជំទាវ ក៏សម្តែងការអបអរចំពោះបទឈប់បាញ់រវាងកម្ពុជានិងថៃ ផងដែរ។
សម្ដេចតេជោ បានពន្យល់ទៅកាន់លោកជំទាវទាក់ទងទៅនឹងរឿងរ៉ាវនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងស្ថានភាពវិវត្តន៍ចុងក្រោយនៃបញ្ហានេះ ក្រោយពីមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា។ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងដោយចំៗ ចំពោះលោកជំទាវភារធារីស្តីទីថា បទឈប់បាញ់ដែលកម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃ២៨កក្កដាកន្លងទៅនេះ គឺមិនអាចកើតមានបានឡើយប្រសិនបើមិនមានគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ក្នុងការចូលរួមចំណែកជួយដោះស្រាយឱ្យទាន់ពេលវេលានោះទេ។
សម្ដេចតេជោ បានអរគុណយ៉ាងខ្លាំងចំពោះការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋបាលឯកឧត្តម ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ក្នុងការតាមដាន និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ សម្ដេចបានបញ្ជាក់ថា បទឈប់បាញ់តាមរយៈការចូលរួមចំណែកពីឯកឧត្តម ដូណាល់ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសកុំឱ្យមានទាហាន និងប្រជាពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធបន្តទៀត។ យ៉ាងណាសម្ដេចតេជោ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះសម្ដេចចង់ឱ្យសហរដ្ឋអាមេរិកតាមដានយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវការគោរពបទឈប់បាញ់ឲ្យបានពេញលេញ។
សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីធានាការគោរពបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា ហើយជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ។ សម្ដេចបន្តថា កម្ពុជាបានអ្នកសង្កេតការណ៍ជាក់លាក់ដើម្បីធានានូវការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព។
លោកជំទាវ Bridgette L. Walker បានអរគុណសម្ដេចតេជោដែលបានពន្យល់យ៉ាងក្បោះក្បាយជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ។ លោកជំទាវបានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការវិវត្តន៍ ដូចជាបញ្ហាប្រឈមព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយជាជំហររបស់សហរដ្ឋអាមេរិក គឺចង់ឃើញនូវការវិវត្តន៍ព្រំដែន កម្ពុជា-ថៃ វិលទៅរកភាពប្រក្រតីឡើងវិញ ពោលគឺសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពកើតមានឡើងសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកចង់ឲ្យភាគីទាំងពីរអនុវត្ត ក៏ដូចជាការបង្កើតឲ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានៅពេលកន្លងទៅ ហើយអាមេរិកនឹងខិតខំជំរុញឲ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងទៅនោះ។ ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចតេជោក៏បានអរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្ដល់ជាជំនួយមនុស្សធម៌ដល់ជនភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះ។
នៅក្នុងឱកាសនោះលោកជំទាវភារធារី ក៏លើកឡើងពីបញ្ហាអន្តោប្រវេសន៍កម្ពុជានៅសហរដ្ឋអាមេរិក ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ ដោយលោកជំទាវបានស្នើដល់សម្ដេចតេជោសុំការគាំទ្រ និងសម្របសម្រួលពាក់ព័ន្ធទៅនឹងបញ្ហានេះ។ ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចនឹងខិតខំប្រឹងប្រែងប្រាប់ដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យយកចិត្តទុកដាក់ចំពោះការទទួលយកនូវជនជាតិខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍។ សម្ដេចតេជោបានបញ្ជាក់ថា បញ្ហានេះមិនមែនជាបញ្ហាថ្មីនោះទេ វាជាបញ្ហាចាស់តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រីមកម្លេះហើយទោះបីជាក្នុងកាលៈទេសៈណាក៏ដោយពួកគាត់ជាជនជាតិខ្មែរ នៅពេលដែលសហរដ្ឋអាមេរិកបញ្ជូនមកវិញ គឺយើងត្រូវតែយកចិត្តទុកដាក់ និងទទួលឲ្យពួកគាត់មករស់នៅប្រទេសកម្ពុជាវិញ៕





 

បានផ្សាយនៅ: 9/05/2025
Post Image

ឯកឧត្តម ហេង សួរ លើកទឹកចិត្តឱ្យក្រុមហ៊ុន​បច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI)

 


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group និងប្រតិភូ នៅទីស្តីការក្រសួង។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ បច្ចេកទេសរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត(AI) ដែលក្រុមហ៊ុនអាចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី បានគូស​បញ្ជាក់​ពីសារៈសំខាន់​នៃកិច្ចសហការរវាងក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេស​របស់ក្រសួង​ខណៈដែលកម្ពុជាមានកម្មករនិយោជិតជាង ១លាននាក់​កំពុង​បម្រើ​ក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលត្រូវការជំនាញបន្ថែមសម្រាប់ពង្រឹងផលិតភាព។ បន្ថែមពីនេះ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាផងដែរ។
ជាការឆ្លើយតបសំណូមពររបស់ឯកឧត្តមរដ្ឋមន្រ្តី លោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ ដែលជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group បានថ្លែងអំណរគុណដល់​ឯកឧត្តមរដ្ឋមន្រ្តី​ចំពោះការ​ផ្តល់អនុសាសន៍សម្រាប់​កិច្ចសហការប​ណ្តុះ​បណ្តាលលើវិស័យដ៏មានសារសំខាន់នេះឱ្យជោគ​ជ័យ​នាពេលអនាគត។
លោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ បានបញ្ជាក់ពីការគ្រោងបណ្តុះបណ្តាលដែលអាចធ្វើឡើងក្នុងទម្រង់ទំនើបតាមរយៈការសិក្សាដោយផ្ទាល់ និងតាមរយៈអនឡាញ ដើម្បីចូលរួមចំណែកក្នុងការលើកម្ពស់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ដែលមានភាពបត់បែន និងអំណោយផល​សម្រាប់​បងប្អូន​កម្មករនិយោជិត ក្នុងការសិក្សា​ពីចម្ងាយ និងសិក្សាពីកន្លែងការងារ ដែលចំណេញទាំងពេលវេលា និងកាត់បន្ថយការចំណាយផងដែរ។

បានផ្សាយនៅ: 9/05/2025
Post Image

ប្រធានសភាប្រឹក្សានយោបាយចិន៖ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ

 


 
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនោះ ឯកឧត្តមប្រធានសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូថា បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅលើការពង្រឹងទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានបានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ និង កាន់តែមានភាពរឹងមាំ និងស្ថិតស្ថេយូរអង្វែង។ ឯកឧត្តមប្រធានក៏បានបន្ថែមថា ក្នុងជំនួបការងារទ្វេភាគីនាថ្ងៃទី ៣០ ខែសីហា ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។ ក្នុងបរិបទនេះ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ។
ជាការឆ្លើយតប សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិនត្រូវបានពូនជ្រុំជាយូរមកហើយ និងត្រូវបានថ្នាក់ដឹកនាំជំនាន់ក្រោយជំរុញ និងលើកកម្ពស់ជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជាកាលពីខែមេសាកន្លងទៅ ក៏បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រកម្ពុជាជាពិសេសការពង្រឹងសមត្ថភាពអភិវឌ្ឍន៍ប្រទេស ឈានដល់ការម្ចាស់ការដោយខ្លួនឯង ព្រមទាំងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។
ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្ដេចធិបតីបានស្នើមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ព្រមទាំងជំរុញឱ្យភាគីទាំងពីរ ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ថា ចិននឹងបន្តតាមដានដោយយកចិត្តទុកដាក់ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបន្តធ្វើកិច្ចការ ដើម្បីជួយដោះស្រាយបញ្ហានេះ៕
 
 



បានផ្សាយនៅ: 9/01/2025
Post Image

ពលរដ្ឋខ្មែរ ៣៨ នាក់ត្រូវទាហានថៃចាប់ខ្លួន ពីបទលួចឆ្លងដែន

 


នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរចំនួន ៣៨ នាក់ ដែលមានទាំងបុរស និងស្ត្រី ត្រូវបានកងកម្លាំងទាហានព្រំដែនថៃចាប់ខ្លួន បន្ទាប់ពីពួកគេបានលួចឆ្លងអូរព្រំដែនពីខេត្តបន្ទាយមានជ័យ ទៅកាន់ទឹកដីខេត្តស្រះកែវ ប្រទេសថៃ។ ហេតុការណ៍នេះកើតឡើងនៅភូមិសាស្ត្រឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលជាតំបន់ជាប់ព្រំដែន។យោងតាមប្រភពព័ត៌មានពីប្រទេសថៃ ពលរដ្ឋខ្មែរទាំង ៣៨ នាក់នេះ ក្នុងនោះមានស្ត្រី ១៨ នាក់ និងក្មេងស្រីតូចម្នាក់ផង។ ពួកគេបានឆ្លងអូរព្រំដែនចេញពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានមេខ្យល់ជាអ្នកនាំផ្លូវ។ បន្ទាប់ពីឆ្លងផុតអូរព្រំដែនប្រហែល ២ គីឡូម៉ែត្រ ពួកគេបានសម្ងំលាក់ខ្លួនជាបណ្តោះអាសន្ននៅក្នុងចម្ការអំពៅមួយកន្លែង។ ប៉ុន្តែ នៅព្រឹកព្រលឹម ក្រុមទាហានឈុតខ្មៅថៃ ដែលចេញល្បាតតាមព្រំដែន បានប្រទះឃើញ និងចាប់ខ្លួនពួកគេភ្លាមៗ។តាមការសួរនាំបឋមរបស់ទាហានថៃ ពលរដ្ឋខ្មែរទាំងនេះសុទ្ធតែជាអ្នកដែលធ្លាប់ធ្វើការនៅប្រទេសថៃ ប៉ុន្តែបានវិលត្រឡប់មកប្រទេសកំណើតវិញកាលពីខែមុន។ ដោយសារតែពួកគេធ្លាប់មានបទពិសោធន៍ធ្វើការនៅថៃ ទើបពួកគេបានទាក់ទងមេខ្យល់ ដើម្បីនាំផ្លូវឆ្លងដែនទៅធ្វើការនៅថៃជាថ្មី។ ជាអកុសល ទើបតែឆ្លងផុតព្រំដែនបានបន្តិច ពួកគេក៏ត្រូវទាហានថៃចាប់ខ្លួនបានសម្រេច។ហេតុការណ៍នេះបានបង្ហាញពីភាពស្មុគស្មាញនៃបញ្ហាការងារនៅតាមតំបន់ព្រំដែន និងការលួចឆ្លងដែនដែលនៅតែបន្តកើតមាន។ ពលរដ្ឋខ្មែរជាច្រើន ដែលស្វែងរកឱកាសការងារនៅប្រទេសជិតខាង តែងតែប្រឈមនឹងហានិភ័យនៃការចាប់ខ្លួន និងការបណ្តេញចេញ។ ទន្ទឹមនឹងនេះ ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ក៏នៅតែមានភាពតានតឹងជាបន្តបន្ទាប់ ដោយសារជម្លោះទឹកដី និងការពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន។អាជ្ញាធរកម្ពុជា និងថៃ គួរតែសហការគ្នាដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ដើម្បីការពារសុវត្ថិភាព និងសិទ្ធិរបស់ពលរដ្ឋ ព្រមទាំងជួយសម្រួលដល់ការធ្វើចំណាកស្រុកស្របច្បាប់។ សម្រាប់ព័ត៌មានបន្ថែមអំពីស្ថានភាពនេះ យើងនឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនលោកអ្នកនៅពេលក្រោយ។ 



 
ប្រភព៖ ព័ត៌មានពីប្រទេសថៃ

បានផ្សាយនៅ: 8/31/2025
Post Image

ភស្តុតាងច្បាស់ៗ ដែលប្រទេសថៃទទួលស្គាល់ថា (ណងចាន់) និងតំបន់នេះជាកម្មសិទ្ធិរបស់កម្ពុជា

 



ភស្តុតាងសំខាន់ណាស់..សូមបងប្អូនស៊ែរក៏បាន យកផុសតក៏បាន...
វីដេអូបង្ហាញពីលោក អភិសិទ្ធិ វេចាជីវ៉ា (Abhisit Vejjajiva) ដែលជានាយករដ្ឋមន្ត្រីថៃនៅពេលនោះ(2010) អង្គុយនៅតុមួយលោកកំពុងស្តាប់បុរសម្នាក់ទៀតនិយាយ បុរសដែលនិយាយនោះគឺឧត្តមសេនីយ៍ ប្រាវិត វង្សសុវណ្ណ (Prawit Wongsuwan) រដ្ឋមន្ត្រីការពារជាតិថៃ។
ឧត្តមសេនីយ៍ ប្រាវិត និយាយ៖ «តំបន់នោះជារបស់កម្ពុជាយូរហើយ(ណងចាន់) ពួកគេនៅទីនោះតាំងពីឆ្នាំ 1983 មកម្ល៉េះ។ ហើយវាគឺជាតំបន់មួយដែលច្បាស់លាស់ណាស់ ដែលត្រូវបានកំណត់ថាជាតំបន់ដែលជាកម្មសិទ្ធិរបស់កម្ពុជា។ គឺ...បង្គោលព្រំដែនគឺជាបង្គោលដែលប្រទេសថៃបានទទួលស្គាល់ថា កន្លែងនេះជាកម្មសិទ្ធិរបស់កម្ពុជា»។
លោក ប្រាវិត បន្តថា៖ «បាទ ផ្នែកភូមិព្រំដែនថៃ-កម្ពុជា។ ផ្នែកខ្លះវាជាតំបន់ដែលនៅតែមានការជជែកដេញដោលគ្នាមិនទាន់ដាច់ស្រេច»។
អ្នកសារព័ត៌មានម្នាក់សួរសំណួរ ទោះបីជាសំឡេងមិនច្បាស់ក៏ដោយ។ លោក ប្រាវិត ឆ្លើយតប៖ «អ្នកភូមិថៃធ្លាប់រស់នៅទីនោះពីពេលណា?»
លោក ប្រាវិត បន្តថា៖ «ពួកគេរស់នៅឯណាបានខ្ញុំមិនដឹង? មិនមានទេ...គឺមិនមាននៅទីនោះទេ ពួកគេមិនបានរស់នៅទីនោះទេ(ថៃ)មានតែធ្វើដំណើរឆ្លងកាត់ប៉ណ្ណោះ។ យូរឆ្នាំហើយ។
ចុះអង្គការសហប្រជាជាតិ? អង្គការសហប្រជាជាតិនៅឯណា?»
អ្នកសារព័ត៌មានម្នាក់ទៀតសួរសំណួរ... លោក ប្រាវិត ឆ្លើយតប៖ ខ្ញុំមិនដែលឃើញ UN មកមើលនៅទីនោះទេ។ UN?
«ដូច្នេះឥឡូវនេះ មានការចរចា ហើយតំបន់នោះនឹងត្រូវដោះស្រាយ?»
លោក ប្រាវិត បន្តថា៖ «តំបន់នោះកំពុងត្រូវបានដោះស្រាយ។ វាជាផ្នែកខ្លះ។ អ្នកត្រូវតែទៅមើលតំបន់នោះ វាមិនមែនថាខ្ញុំកំពុងទទួលយកវាទេតែវាជាផ្នែកខ្លះដែលកំពុងត្រូវបានដោះស្រាយ កំណត់ថាអ្វីជារបស់អ្នកណា។ ពួកគេ(កម្ពុជា)មានបង្គោលព្រំដែនកម្ពុជា-ថៃ ដែលពិត..គណៈកម្មាធិការ JBC កំពុងចរចា»។
អ្នកសារព័ត៌មានម្នាក់ទៀតសួរសំណួរ.. លោក ប្រាវិត ឆ្លើយតប៖ «ទេ គ្មានទេ»។
លោក ប្រាវិត បន្តថា៖ «ទេ គ្មានប័ណ្ណកម្មសិទ្ធិទេ។ ប័ណ្ណកម្មសិទ្ធិនៅឯណាមិនមានទេ? បង្ហាញមកមើល តើអ្នកចង់មានន័យថា អ្នកភូមិរស់នៅទីនោះ?ភូមិណងចាន់គ្មានប័ណ្ណកម្មសិទ្ធិទេ។ ប័ណ្ណកម្មសិទ្ធិនៅឯណា? ។
លោក ប្រាវិត បន្ថែមគំនិតចុងក្រោយ៖ «អូខេ»
👉សន្និសីទនៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2010 នាយករដ្ឋមន្ត្រី Abhisit Vejjajiva រួមជាមួយឧបនាយករដ្ឋមន្ត្រី Suthep Thaugsuban រដ្ឋមន្ត្រីការបរទេស Kasit Pirom និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Prawit Wongsuwan បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានរដ្ឋាភិបាល។

បានផ្សាយនៅ: 8/31/2025
Post Image

បំបែកសំណុំរឿងឃាតកម្មនៅកោះពេជ្រ៖ ស្ត្រីជនជាតិកុងហ្គោសង្ស័យសម្លាប់ស្ត្រីជនជាតិអង់គ្លេសដោយសារស្នេហាត្រីកោណ

 


នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជោគជ័យក្នុងការបំបែកសំណុំរឿងឃាតកម្មដ៏រន្ធត់មួយ ដែលបានកើតឡើងនៅសួនច្បារមុខសាលាក្រុងកោះពេជ្រ។ ករណីនេះបានបណ្តាលឱ្យស្ត្រីជនជាតិអង់គ្លេសម្នាក់បាត់បង់ជីវិត ហើយជនសង្ស័យជាស្ត្រីជនជាតិកុងហ្គោត្រូវបានចាប់ខ្លួន។អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងខណ្ឌដូនពេញ។ ការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បាននាំឱ្យកម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ KIDIKILA NGANDA GLODIE ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកុងហ្គោ កាន់លិខិតឆ្លងដែនលេខ OP1538331។ ការចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៦:៣០ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅហាងសាឡនយីហោ ZOLA ផ្ទះលេខ 105H ផ្លូវលេខ 200 សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ជនរងគ្រោះ (សព) ត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ HOPKINS JESSICA CARIAD ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 133549889 ស្នាក់នៅផ្ទះជួលក្នុងខណ្ឌជ្រោយចង្វារ។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២៣:៤០ នៅចំណុចសួនច្បារមុខសាលាក្រុងកោះពេជ្រ វិថីសួនច្បារ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមការស៊ើបអង្កេត ជនសង្ស័យបានប្រើកូនកាំបិតចាក់ និងអារកសម្លាប់ជនរងគ្រោះ ដែលមូលហេតុត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីស្នេហាត្រីកោណបច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។  




 

បានផ្សាយនៅ: 8/30/2025
Post Image

ឯកឧត្តម ស៊ី ជីនពីង បានជំរុញឱ្យមានការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team - AOT) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាស្ថិរភាព និងសន្តិភាពក្នុងតំបន់

 



នៅថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ កិច្ចជំនួបនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកមិត្តភាព និងការសហការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន។ឯកឧត្តម ស៊ី ជីនពីង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ដោយចិនប្តេជ្ញាបន្តផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជាក្នុងការកសាងសមត្ថភាពអភិវឌ្ឍន៍ដោយឯករាជ្យ និងការពារអធិបតេយ្យភាពជាតិ។ ការគាំទ្រនេះរួមបញ្ចូលទាំងការជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។លើសពីនេះ ប្រទេសចិនបានសម្តែងការគាំទ្រចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយគាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី។ ឯកឧត្តម ស៊ី ជីនពីង បានជំរុញឱ្យមានការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team - AOT) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាស្ថិរភាព និងសន្តិភាពក្នុងតំបន់។កិច្ចជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដ៏រឹងមាំ និងបន្តកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ កម្ពុជា និងចិននឹងបន្តធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។



 


បានផ្សាយនៅ: 8/30/2025

ព័ត៌មានជាតិ

Featured Image

សហភាពអឺរ៉ុបអំពាវនាវឱ្យកម្ពុជា-ថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព

  នៅថ្ងៃនេះ លោកស្រី Anitta Hipper អ្នកនាំពាក្យសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានចេញសេចក្តីថ្លែងការណ៍ដ៏សំខាន់ម...
អានបន្ត
បានផ្សាយនៅ: 9/06/2025
Post Image
Post Image
Post Image
Post Image
Post Image
Post Image
Post Image
Messenger